ក្រុមហ៊ុន VinFast វិនិយោគទឹកប្រាក់ចំនួន ២ ពាន់លានដុល្លារក្នុងការសាងសងរោងចក្រនៅអាមេរិក

មើល: 556

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី VinFast របស់ប្រទេសវៀតណាមកំពុងតែបោះជំហានបន្តិចម្តងៗដើម្បីប្រែក្លាយខ្លួនទៅជាក្រុមហ៊ុនមួយដែលមានឥទិ្ធពលដូចទៅនឹងក្រុមហ៊ុន Tesla ដែរ។

កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ២០២១ ក្រុមហ៊ុន VinFast បានបង្កើតទីស្នាក់ការកណ្តាលនៅទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិកដោយនេះគឺជាការឈានជើងលើកដំបូងរបស់ពួកគេនៅអឺរ៉ុប។

ថ្មីៗនេះ VinFast បានបង្ហាញពីផែនការសម្រាប់រោងចក្រថ្មីរបស់ពួកគេនៅឯរដ្ឋ North Carolina សហរដ្ឋអាមេរិកដែលនេះគឺជាទីតាំងដ៏ល្អសម្រាប់ VinFast ដើម្បីផលិតនូវរថយន្តអគ្គិសនី VF 8 និង VF 9 ។

ក្រុមហ៊ុនមួយនេះបាននិយាយថា ខ្លួននឹងធ្វើការវិនិយោគទឹកប្រាក់ចំនួន ២ ពាន់លានដុល្លារក្នុងដំណាក់កាលដំបូងនៃការសាងសង់របស់ពួកគេ ដោយគ្រោងនឹងផលិតរថយន្តអគ្គិសនីចំនួន ១៥០,០០០ គ្រឿងក្នុងមួយឆ្នាំ។

ជាមួយគ្នានេះដែរការសាងសង់រោងចក្រនេះនឹងត្រូវបានចាប់ផ្តើមនៅក្នុងឆ្នាំ ២០២២ នេះ ដោយពួកគេបានរំពឹងថាវានឹងចាប់ផ្តើមផលិតកម្មនៅខែកក្កដា ឆ្នាំ ២០២៤ ដែលធ្វើឡើងនៅលើផ្ទៃដី ១,៩៧៧ ហិចតា ហើយនៅពេលដែរដំណាក់កាលទាំងអស់ត្រូវបានបញ្ចប់ VinFast ក៏រំពឹងថានឹងផ្តល់ការងារដល់មនុស្ស ៧,៥០០ ទៅ ១៣,០០០ នាក់។

គួរបញ្ជាក់ផងដែរថាកាលពីឆ្នាំមុនក្រុមហ៊ុន VinFast បានប្រាប់ទៅកាន់គេហទំព័រ Car And Drive ថាម៉ូដែល VF 8 និង VF 9 ដែលបានបង្កើតឡើងនៅក្នុងប្រទេសវៀតណាម នឹងត្រូវបាននាំចូលទៅកាន់អាមេរិកខាងជើង ខណៈដែរការផលិតនៅសហរដ្ឋអាមេរិកបានរំពឹងថានឹងចាប់ផ្តើមនៅខែកក្កដា ឆ្នាំ ២០២៤ ។

ផែនការរបស់ក្រុមហ៊ុន VinFast បានធ្វើឱ្យអ្នកគាំទ្រនៅក្នុងប្រទេសរបស់ខ្លួនមានការកោតសរសើរជាខ្លាំងដែលក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ធំក្នុងប្រទេសរបស់ពួកគេមានការរីកចម្រើនបែបនេះ៕

អត្ថបទដោយ៖ សាល សក្កណា

 

ចែករំលែក:
ស្លាក:

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ