McLaren F1 GT បង្ហាញខ្លួនជាសារធារណៈជាមួយនឹងតម្លៃខ្លួនរហូតដល់ទៅ ១៥០ លានដុល្លារ

មើល: 888

McLaren F1 រថយន្តដ៏កម្ររបស់ក្រុមហ៊ុនផលិតរថយន្តរបស់អង់គ្លេស McLaren ថ្មីៗនេះបានបង្ហាញខ្លួនបានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងវត្តមានរបស់វា។ បើតាមវីដេអូបានបង្ហាញឱ្យឃើញពីទិដ្ឋភាពដ៏ពិសេសមួយទៅកាន់ពិភពលោកដោយមនុស្សតិចណាស់ដែលបានឃើញវាផ្ទាល់នឹងភ្នែក។

គួរបញ្ជាក់ផងដែរថាគ្រួសារ McLaren F1 បានបង្ហាញខ្លួននៅឯទីក្រុង Paris ក្នុងកម្មវិធី Retromobile Show ២០២២ តាំងពីសប្តាហ៍មុនមកម្លេះ ដែលនេះគឺជាកម្មវិធីមួយដ៏ល្បីល្បាញសម្រាប់ការដាក់បង្ហាញនូវរថយន្តប្រវត្តិសាស្រ្ត។

ហើយព្រឹត្តិការណ៍នេះត្រូវបានផ្អាកអស់រយៈពេលជាងពីរឆ្នាំមកហើយ ដោយសារតែមានការផ្ទុះនូវជំងឺរាតត្បាត។ ការដាក់បង្ហាញនៅឆ្នាំនេះមិនត្រឹមតែផ្តល់ភាពរីករាយដល់អ្នកគាំទ្រប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្តល់ឱកាសឱ្យអ្នកគាំទ្រនូវភាពជិតស្និទ្ធជាមួយនឹងគ្រួសារ McLaren F1 ផងដែរ។

ទន្ទឹមនឹងនេះម៉ូដែល McLaren F1 GT ដែលជារថយន្តក្នុងចំណោមគ្រួសារ McLaren F1 បានបោះជំហ៊ានយឺតៗចូលទៅកាន់ការដាក់បង្ហាញជាមួយតម្លៃខ្លួនរហូតដល់ទៅ ១៥០ លានដុល្លារឯណោះ។

ជាមួយគ្នានេះដែរម៉ូដែល McLaren F1 ចំនួន ៤ គ្រឿង ដោយបានជាប់កំណត់ត្រាពិភពលោក Guinness សម្រាប់រថយន្តដែលមានល្បឿនលឿនបំផុតរបស់ពិភពលោកនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ១៩៩៨ ។

ហើយវាត្រូវបានបំពាក់ដោយម៉ាស៊ីនចំណុះ ៦.០ លីត្រ V12 ដែលអាចបង្កើតកម្លាំងបាន ៦១៨ សេះ ជាមួយនឹងតម្លៃខ្លួន ២០.៥ លានដុល្លារក្នុងការដាក់ដេញថ្លៃ Pebble Beach កាលពីឆ្នាំមុន។

ចំណែកឯរថយន្តប្រណាំង F1 GTR Short Tail និង F1 GTR Long Tail ក៏បានចូលរួមជាមួយបងប្អូន McLaren F1 ផងដែរ ដែលជារថយន្តប្រណាំងដោយបានទទួលជ័យជម្នះនៅឆ្នាំ ១៩៩៥ ក្នុងព្រឹត្តិការណ៍ប្រណាំង 24 Hours of Le Mans ហើយបានចូលនិវត្តន៍នៅក្នុងឆ្នាំ ២០០៥ ។ វាពិតជាគួរឱ្យរំភើបណាស់សម្រាប់អ្នកគាំទ្រដែលបានឃើញនូវវត្តមានដោយផ្ទាល់របស់គ្រួសារ McLaren F1 ដ៏កម្រ និងមានតម្លៃមួយនេះ៕

អត្ថបទដោយ៖ សាល សក្កណា

 

ចែករំលែក:
ស្លាក:

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ