បើកបង្ហាញសមត្ថភាពបើកបរ និង តម្លៃរថយន្តអគ្គិសនីថ្មី ដែលនឹងចេញលក់សម្រាប់ឆ្នាំ ២០២២

មើល: 11852

បើនិយាយអំពីរថយន្តអគ្គិសនី Tesla នៅតែឈរជាម្ចាស់គ្រងដំណែងនៃការផលិតរថយន្តអគ្គិសនីដ៏ធំ និងក្តោបក្តាប់បានទីផ្សាររថយន្តអគ្គិសនីជាច្រើននៅលើពិភពលោក។ ដូច្នេះភាពជោគជ័យទាំងនេះតែងតែត្រូវបានមើលឃើញដោយក្រុមហ៊ុនផលិតរថយន្តដទៃទៀត ដែលមានគម្រោងចង់ប្រជៀតទីផ្សារថយន្ត Tesla ឬគ្រាន់តែទទួលបានចំណែកបន្តិចបន្តួច រួមទាំងអាចចូលរួមសម្រាប់ការផ្លាស់ប្តូរដ៏ធំរបស់ពិភពលោកនាពេលអនាគតដោយគ្មានការបំភាយឧស័ន្មពីប្រេងឥន្ធនៈ។

ហើយទាំងនេះគឺជារថយន្តអគ្គិសនីដែលក្រុមហ៊ុនផលិតរថយន្តធំៗនានាត្រៀមនឹងដាក់លក់សម្រាប់ឆ្នាំ ២០២២ នេះ។
 ១. Ford’s F-150 Lightning 

រថយន្តនេះនឹងត្រៀមដាក់លក់នៅចុងខែ មីនា ឆ្នាំ២០២២ ជាមួយនឹងតម្លៃចេញពីរោងចក្រ ចាប់ផ្តើមពី ៤០,០០០ ដុល្លារ ហើយសមត្ថភាពនៃរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Ford មួយនេះសាកភ្លើងពេញអាចបើកបរបានចំងាយ ៤៨២ គីឡូម៉ែត្រ ជាមួយនឹងថាមពលអាគុយអគ្គិសនីដែលអាចបង្កើតកម្លាំងបានរហូតដល់ ៥៦៣ សេះ។

   ២. Rivian R1S 

R1S SUV ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមដឹកជញ្ជូនដល់អតិថិជននៅខែ មីនា ឆ្នាំ ២០២២ ជាមួយនឹងតម្លៃចាប់ផ្តើមពី ៧០,០០០ ដុល្លារ ដែលតម្លៃដ៏ថ្លៃមួយនេះនឹងអតិថិជនវានឹងផ្តល់សមត្ថភាពឱ្យ Rivian អាចបើកបរបានចំងាយ ៥០៨ គីឡូម៉ែត្រនៃការសាកថ្មមួយពេញ ហើយវាក៏មានសមត្ថភាពអាចបង្កើតកម្លាំងបាន ៧៥០ សេះ នៃ R1S មួយនេះ។ 

  ៣​. Nissan Ariya 

ពីក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុន Nissan បានសន្យានឹងដាក់លក់រថយន្តអគ្គិសនីប្រភេទ Crossover ដែលមានរូបរាងយ៉ាងទាក់ទាញរបស់ខ្លួននៅក្នុងខែ មីនា ដោយតម្លៃនឹងចាប់ពី ៤៦,០០០ ដុល្លារសម្រាប់តម្លៃចេញពីរោងចក្រ។ សម្រាប់រថយន្តមួយនេះវានឹងផ្តល់អោយនូវបទពិសោធន៍នៃការបើកបរដ៏សប្បាយរីករាយនៅចំងាយ ៤៨២ គីឡូម៉ែត្រ នៅពេលដែលវាសាកថ្មពេញ។ 

  ៤. Hyundai Ioniq 

SUV ខ្នាតតូចនេះនឹងក្លាយជារថយន្តអគ្គិសនីដំបូងគេបង្អស់របស់ក្រុមហ៊ុន Hyundai ត្រៀមនឹងចេញលក់នៅចុងខែ ធ្នូ  ក្នុងតម្លៃចាប់ផ្តើម ៣៩,៧០០ ដុល្លារ សម្រាប់តម្លៃចេញពីរោងចក្រ ហើយសម្រាប់សមត្ថភាពនៃការសាកថ្មពេញម្តងវាអាចបើកបរបានចំងាយ ៤៨២ គីឡូម៉ែត្រ។ 
   ៥. BMW iX

រថយន្ត SUV អគ្គិសនីដំបូងបង្អស់របស់ក្រុមហ៊ុនផលិតរថយន្តប្រណីតរបស់អាល្លឺម៉ង់នឹងមកដល់សម្រាប់អតិថិជននៅសហរដ្ឋអាមេរិកក្នុងខែ មីនា ឆ្នាំ ២០២២។ ជាមួយនឹតម្លៃចេញពីរោងចក្រនៃ iX មានតម្លៃចាប់ពី ៨៣,២០០ ដុល្លារ និងមានកម្លាំងអតិបរមា ៥២៣ សេះ ហើយអាចបើកបរចម្ងាយរហូតដល់ ៤៨២ គីឡូម៉ែត្រនៅពេលសាកថ្មពេញ។ 

  ៦. Lucid Air Pure

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែលមានមូលដ្ឋាននៅទីក្រុង Newark រដ្ឋកាលីហ្វ័រញ៉ា បានបញ្ចេញរថយន្តដំបូងរបស់ខ្លួនគឺ Lucid Air នៅឆ្នាំនេះ ដែលមានតម្លៃប្រហែល ៧៧,០០០ ដុល្លារ បើប្រៀបធៀបទៅនឹងតម្លៃ ១៦៩,០០០ ដុល្លារ សម្រាប់ Dream Edition ដែលមានប្រសិទ្ធភាពខ្ពស់។

Air Pure ត្រូវបានគេរំពឹងថានឹងវាយលុកទីផ្សារនៅចុងឆ្នាំ ២០២២ ហើយទំនងជានឹងអាចបើកបរបានចំងាយ ៦៤៤គីឡូម៉ែត្រ នៅពេលដែលវាសាកថ្មពេញ។ 

  ៧. Cadillac Lyriq 

រថយន្តអគ្គិសនីដំបូងបង្អស់របស់ Cadillac គឺជារថយន្តប្រភេទ SUV ដែលនឹងដាក់លក់នៅចុងខែ មិថុនា ឆ្នាំ២០២២ នេះ។ វានឹងចាប់ផ្តើមពីតម្លៃជិត ៥៩,០០០ ដុល្លារ Lyriq នឹងមានចម្ងាយជាង ៤៨២ គីឡូម៉ែត្រ ក៏នឹងក្លាយជារថយន្តដំបូងគេនៅលើទីផ្សារជាមួយនឹង Platform Ultium EV ថ្មីរបស់ GM ដែលជាប្រព័ន្ធថ្មជំនាន់ក្រោយបង្ហាញពីតម្លៃថោកជាង និងមានប្រសិទ្ធភាពជាងអាគុយ EV ស្តង់ដារ។ 

  ៨. Kia EV6 

EV6 មានតម្លៃមូលដ្ឋាន ៥៦,០០០ ដុល្លារ និងមានចម្ងាយឆ្ងាយជាង ៤៨២ គីឡូម៉ែត្រ វាក៏មានបំពាក់មកជាមួយនឹងការសាកថ្មល្បឿនលឿនបំផុតជាមួយនឹងប្រព័ន្ធ ៨០០ វ៉ុល ដែលអាចកើនថ្មពី ១០% ទៅ ៨០% ក្នុងរយៈពេលត្រឹមតែ ១៨ នាទីប៉ុណ្ណោះ៕ 

ចែករំលែក:

Relate Post

ថ្មីៗនេះក្រុមហ៊ុន ABT Sportsline បានធ្វើការកែប្រែថ្មីលើម៉ូដែល BMW RS Q8 ដោយបន្ថែមកំលាំងរហូតទៅដល់ ៧៨៩ សេះ

  • News

ក្រុមហ៊ុន ABT Sportsline គឺជាក្រុមហ៊ុនប្រណាំងឡាន ក៏ជាក្រុមហ៊ុនដែលធ្វើការកែប្រែលើម៉ាស៊ីន និងរចនាគ្រឿងប្រណិតៗបំពាក់បន្ថែមលើរថយន្ដ ដែលមានទីតាំងនៅរដ្ឋ Kempten im Allgäu ប្រទេសអាល្លឺម៉ង់។ ABT ភាគច្រើនត្រូវបានសហការជាមួយម៉ាកយីហោ Audi និង Volkswagen Group។ ហើយថ្មីៗ នេះក្រុមហ៊ុន ABT ក៏បានចាប់ដៃជាមួយក្រុមហ៊ុន BMW ដើម្បីធ្វើការកំណែលើម៉ូដែល Audi RS Q8 ដែលត្រូវបានគេដាក់ឈ្មោះថា RS Q8 Signature Edition ដោយក្រុមហ៊ុន ABT Sportsline ។ ម៉ូដែល RS Q8 ស្ដង់ដារគឺមានម៉ាស៊ីន V8 ចំណុះ ៤.០ លីត្រ twin-turbocharged បង្កើតកម្លាំងបាន ៥៩១ សេះ និងកម្លាំងបង្វិល ៨០០ ញូតុនម៉ែត្រ។ ប៉ុន្ដែពេលនេះ ABT បានធ្វើការកែប្រែទៅលើឧបករណ៍ចាប់សញ្ញា ECU និងបន្ថែមកម្លាំងរហូតទៅដល់ ៧៨៩ សេះ និងកម្លាំងបង្វិល ១,០០០ ញូតុនម៉ែត្រ។ ដែលវាអាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេលត្រឹមតែ ៣.២ វិនាទីប៉ុណ្ណោះធ្វើអោយវាលឿនជាងម៉ាស៊ីនស្តង់ដា ០.៨ វិនាទី។ នឹងបានរចនាបន្ថែមដែលបានបំពាក់ជាមួយប្រភេទកាបូនហ្វាយបឺរលើប៉ាណាហើយក៏បានបំពាក់នៅលើកាងជុំវិញនៃរថយន្ដ និង Spoiler ខាងក្រោយដែលធ្វើអោយមានភាពទាក់ទាញបូកផ្សំជាមួយយ៉ានកង់ទំហំ ២៣ អ៊ីងពណ៌ខ្មៅរលោង និងសំបកកង់ទំហំ ២៩៥/៣៥ ។ ចូលទៅផ្នែកខាងក្នុងវិញក៏ត្រូវបានដាប់ដោយស្លាកសញ្ញា ABT នៅលើកម្រាលពូកស្បែក និងនៅលើប៉ូតុង Start ម៉ាស៊ីនក៏មានស្លាកសញ្ញានេះហើយផ្នែកនីមួយៗភាគច្រើនបានបំពាក់ដោយប្រភេទកាបូនហ្វាយបឺរដ៏ប្រណិតស្ទើតែគ្រប់កន្លែងនៃរថយន្ដតទាំងមូល។ បើនិយាយពីតម្លៃវិញម៉ូដែល RS Q8 Signature Edition វាមានតម្លៃ ៣៣២,០០០ ដុល្លារ៕ អត្ថបទដោយ៖ សូនីតា

លក់ដាច់ខ្លាំងពេកក្រុមហ៊ុន Ford សម្រេចបិទការបញ្ជាទិញទៅលើម៉ូដែលអគ្គិសនី F-150 Lightning

  • News

ថ្មីៗនេះក្រុមហ៊ុន Ford បានបិទការទទួលកក់លើរថយន្ដម៉ូដែល F-150 Lightning ស៊េរីឆ្នាំ ២០២២  ដោយសារតែអតិថិជនមានការចាប់អារម្មណ៍លើរថយន្ត Pickup អគ្គិសនីមួយនេះមានការបញ្ជាទិញលើសពីការរំពឹងទុក បន្ទាប់ពីទទួលបានការកម្មង់ទិញចំនួន ២០០,០០០ គ្រឿងក្នុងរយៈពេលប៉ុន្មានខែ។ ហើយវាថែមទាំងជំរុញឱ្យក្រុមហ៊ុនផលិតម៉ូដែល F-150 Lightning បន្ថែមទៀត កាលពីប៉ុន្មានសប្តាហ៍មុនក្រុមហ៊ុន Ford បានផ្ញើលិខិតមួយទៅកាន់អ្នកចែកចាយដោយជូនដំណឹងដល់ពួកគេថា អតិថិជនលក់រាយមិនអាចបញ្ជាទិញម៉ូដែល F-150 Lightning Pro និង F-150 Lightning XLT បានទៀតទេ។ ក្រុមហ៊ុន Ford Authority រាយការណ៍ថា ក្រុមហ៊ុនប៉ាន់ប្រមាណថា ៨០% នៃអ្នកកក់ទុកនឹងទិញយកវាហើយពួកគេខ្លះកំពុងរង់ចាំសម្រាប់ការផលិតនៃស៊េរីឆ្នាំ ២០២៣ រួចបាត់ទៅហើយ។ ដោយសារតែបង្ហាកង្វះខាតបន្ទះឈីប ដែលឥឡូវនេះត្រូវបានពន្យាពេលដែលមានរយៈពេលរហូតដល់ឆ្នាំ ២០២៤ ហើយអតិថិជនប្រហែលជាត្រូវរង់ចាំយូរទៀតដើម្បីការបញ្ជាទិញបើកឡើងវិញ។ អ្នកនឹងមិនមានជម្រើស និងពណ៌ជាក់លាក់ពីអ្នកចែកចាយទេ លុះត្រាតែអ្នកមានសំណាងទើបទទួលបានពណ៌ដែលអ្នកចង់បាន។ ក្រុមហ៊ុន Ford បាននិយាយថា ម៉ូដែលថ្មីនេះក៏ត្រូវបានបិទការកក់ក្រោយៗទៀតផងដែរ ដោយសារតែតម្រូវការខ្ពស់ស៊េរីឆ្នាំ ២០២២ នេះបច្ចុប្បន្នលែងមានសម្រាប់ការបញ្ជាទិញលក់រាយទៀតហើយ។ ការផ្គត់ផ្គង់មានកំណត់បុ៉ន្តែវានឹងអាចទិញបានប្រសិនបើអ្នកបញ្ជាទិញចង់លក់វិញ៕ អត្ថបទដោយ៖ សូនីតា  

ក្រុមហ៊ុន Ford បានកំណែរូបរាងថ្មីនៃម៉ូដែល Taurus ដែលបានបាត់មុខអស់ជាច្រើនឆ្នាំ

  • News

បន្ទាប់ពីក្រុមហ៊ុន Ford បានបិទការផលិតនៅលើម៉ូដែល Taurus អស់រយៈពេល ៣៤ ឆ្នាំកន្លងផុតទៅពេលនេះក្រុមហ៊ុន Ford បានប្រកាសពីការមកដល់នៃម៉ូដែល Taurus ស៊េរីថ្មីនេះដែលបានកែប្រែរូបរាងយ៉ាងប្រណិត។ ដោយមានការរចនាផ្នែកខាងមុខដ៏ទាក់ទាញជាមួយចង្កៀងមុខដែលបំបែកជាលក្ខណៈ en vogue ដែលដំណើរការបានយ៉ាងល្អនៅពេលភ្ជាប់ជាមួយប៉ាណាដ៏ប្រណិត។ ត្រលប់មកវិញ អ្នកនឹងរកឃើញភាពស្រដៀងគ្នាដ៏គួរឱ្យចាប់អារម្មណ៍ទៅនឹងរថយន្ត Mustang Mach-E ដែលវាបានបំពាក់ Spoiler ហើយនៅខាងក្រោយរួមបញ្ចូលគ្នាយ៉ាងស្អាតដោយមានភ្លើង LED អូសកាត់ទទឹងនៃរថយន្ដដែលធ្វើអោយមើលទៅទាន់សម័យ។ វាក៏បានបំពាក់ប្រព័ន្ធគ្រប់គ្រងកន្លងផ្លូវ និងប្រពន័្ធសុវត្ថិភាពកាត់បន្ថយការប៉ះទង្គិចដោយមិនបានដឹង។ ក្រឡេកមកមើលផ្នែកខាងក្នុងវិញវាបានបំពាក់បច្ចេកវិទ្យាទំនើបៗ និងមានអេក្រង់ Touch screen ដែលមានទំហំ ១៣.២ អ៊ីញជាមួយនឹងប្រព័ន្ធ Apple Car Play និង Android Auto និងមានដំបូលប្រភេទ Panoramic Sunroof ដែលអាចមើលឃើញខាងក្រៅបាន។ ហើយវាបានបំពាក់ម៉ាស៊ីន Ecoboost ចំណុះ ២.០ លីត្រ នឹងបញ្ចូនចលនាតាមរយៈប្រអប់ស្វ័យប្រវត្តិប្រាំបីវគ្គ ប៉ុន្តែក្រុមហ៊ុន Ford មិនបានប្រាប់លម្អិតអំពីជម្រើសម៉ាស៊ីនបន្ថែមថាមពលនៅឡើយទេ។ ម៉ូដែល Ford Taurus នឹងដាក់តាំងបង្ហាញនៅមជ្ឈិមបូព៌ាក្នុងពេលឆាប់ៗជាមួយនឹងការរចនាដ៏ទំនើបថ្មីរបស់វា៕ អត្ថបទដោយ៖ សូនីតា  

BMW 7-Series ជំនាន់ថ្មីកាន់តែទំនើបទាន់សម័យជាមួយនឹងអេក្រង់កំសាន្តដ៏ធំសម្រាប់អ្នកដំណើរខាងក្រោយ

  • News

រថយន្ត BMW 7-Series បានឈានចូលដល់ជំនាន់ទី ៧ របស់ខ្លួនជាមួយនឹងរូបរាងថ្មីដ៏អស្ចារ្យ និងបានបន្ថែមជាមួយជម្រើសប្រើប្រាស់ដោយថាមពលអគ្គិសនី។ ហើយម៉ូដែលនេះនឹងមានតែបីជម្រើសតែប៉ុណ្ណោះដែលមានដូចជា i7 xDrive60 ,760i xDrive និង 740i ។ ជម្រើសដែលប្រើប្រាស់ដោយថាមពលអគ្គិសនីគឺ i7 xDrive60 វាបានបំពាក់ប្រព័ន្ធដំណើរការដោយប៉ុងទាំងពីរ ដែលផ្តល់នូវកម្លាំងខ្ពស់បំផុតបាន ៥៣៦ សេះ និងកម្លាំងបង្វិល ៧៤៤ ញូតុនម៉ែត្រដែលបង្កើនល្បឿនពី ០-៨០ គីឡូម៉ែត្រក្នុងមួយម៉ោងរយៈពេលប្រហែល ៤.៥ វិនាទី ល្បឿនកំពូលគឺ ២០០គីឡូម៉ែត្រក្នុងមួយម៉ោងហើយកម្លាំងថ្មនេះមានសមត្ថភាពប្រើបាន ១០១.៧ គីឡូវ៉ាត់ម៉ោង។ រីឯជម្រើស 740i វាដំណើរការដោយប៉ុងខាងក្រោយហើយត្រូវបានបំពាក់ដោយម៉ាស៊ីន ៣.០ លីត្រ turbocharged inline-6 ជាមួយនឹងការដំឡើង Hybrid វាផ្តល់នូវកម្លាំងខ្ពស់បំផុត ៣៧៥ សេះ និងកម្លាំងបង្វិលជុំ ៥២០ ញូតុនម៉ែត្រ គេអាចរំពឹងថាវានិងអាចបង្កើតល្បឿនបានពី ០-៩៦ គីឡីម៉ែត្រក្នុងមួយម៉ោងរយៈ ៥ វិនាទី។ បើជម្រើសរបស់ 760i xDrive មានលក្ខណៈពិសេសដែលវាដំណើរការដោយប្រព័ន្ធប៉ុងទាំងពីរ ហើយត្រូវបានបំពាក់ដោយម៉ាស៊ីន ៤.៤ លីត្រ twin-turbocharged V8 ថ្មីរបស់ BMW ក៏បានដំឡើង Hybrid ផងដែរ វាមានកម្លាំង ៥៣៦ សេះ និងកម្លាំងបង្វិល ៧៥០ ញូតុនម៉ែត្រ វាបង្កើនល្បឿនដល់ ៩៦ គីឡូម៉ែត្រក្នុងមួយម៉ោងរយៈពេលត្រឹមតែ ៤.២ វិនាទីប៉ុណ្ណោះ។ ក្រឡេកមកមើលផ្នែកខាងមុខត្រូវបានគ្របដណ្ដប់ដោយប៉ាណាដ៏ធំមើលទៅមានភាពទាក់ទាញជាមួយការរចនានៃចង្កៀងមុខដែលកំណត់សម្រាប់រថយន្ត BMW ស៊េរីថ្មីនេះហើយភ្លើងខាងក្រោយមានលក្ខណៈពិសេសថ្មីមួយដែលមានរូបរាង L-shape រថយន្តប្រភេទ sedan មួយនេះមានប្រវែង ៥៣៨ សង់ទីម៉ែត្រ និងមានកម្លាតពីកង់មុខទៅកង់ក្រោយមានប្រវែងវែងជាងមុនត្រឹម ០.៥ សង់ទីម៉ែត្រតែប៉ុណ្ណោះ។ ផ្ទៃខាងក្នុងរចនាយ៉ាងប្រណិតជាងជំនាន់មុនៗដោយវាបានបំពាក់នូវអេក្រង់ Touch screen ដែលមានទំហំ ១២.៣ អ៊ីងបន្ទាប់មកវាក៏បានភ្ជាប់មកជាមួយនឹងអេក្រង់ទំហំ ៣១ អ៊ីងដែលមានកម្រិតភាពច្បាស់ដល់ទៅ 8K ដែលចុះពីលើដំបូលដើម្បីផ្តល់បទពិសោធន៍មើលទៅដូចជានៅក្នុងរោងកុនសម្រាប់អ្នកដំណើរខាងក្រោយ។ គួរបញ្ជាក់ផងដែរថាមុខងារជំនួយអ្នកបើកបរថ្មីដែលត្រូវបានគេស្គាល់ថាជាជំនួយការផ្លូវហាយវេ វាអាចគ្រប់គ្រងផ្លូវក្នុងល្បឿនរហូតដល់ ១២៨ គីឡូម៉ែត្រក្នុងមួយម៉ោង។ កម្រិតនេះមានន័យថា ជារថយន្តដែលអាចគ្រប់គ្រងខ្លួនឯងបានក្នុងលក្ខខណ្ឌដែលបានកំណត់ ដោយអាចឱ្យអ្នកបើកបរលែងដៃចង្កូត។ ក្រុមហ៊ុន BMW កំពុងអភិវឌ្ឍបច្ចេកវិទ្យាបើកបរដោយខ្លួនឯងជាមួយនឹងប្រព័ន្ធ Mobileye របស់ក្រុមហ៊ុន Intel ។ មកដឹងពីតម្លៃវិញ BMW ជម្រើស 740i មានតម្លៃ៩៤,២៩៥ ដុល្លារ រីឯ BMW 760i xDrive មានតម្លៃ ១១៤,៥៩៥ ដុល្លារ និង BMW i7 xDrive60 មានតម្លៃខ្ពស់ជាងគេរហូតទៅដល់ ១២០,២៩៥ ដុល្លារ៕ អត្ថបទដោយ៖ សូនីតា

ម៉ូដែល Ford Explorer បង្ហាញរូបរាងខាងក្រៅ និងកាប៊ីនខាងក្នុងយ៉ាងប្រណិតតែមានតែក្នុងទីផ្សារប្រទេសចិន

  • News

ការបង្ហាញខ្លួនថ្មីជាមួយម៉ូដែល Ford Explorer ជំនាន់ទីប្រាំនេះបានបញ្ជាក់ច្បាស់ជាមួយលក្ខណៈពិសេសរបស់រថយន្តប្រភេទ SUV ដែលបានលេចឡើងនៅក្នុងប្រទេសចិនដែលវាផ្តល់នូវភាពទាន់សម័យសម្រាប់ទីផ្សារក្នុងស្រុក ក្រៅពីការកែប្រែរចនាប័ទ្មនោះវាក៏ទទួលបានបច្ចេកវិជ្ជាថ្មីបន្ថែមទៀតផងដែរ។ ហើយវាក៏បានលេចធ្លាយរូបភាពខ្លះៗមួយរយៈមុនរួចមកហើយ ប៉ុន្តែរូបភាពថ្មីពីប្រភពនៅប្រទេសចិនផ្តល់ឱ្យយើងនូវការផ្លាស់ប្តូរកាន់តែច្បាសលាស់ជាងមុនដោយចាប់ផ្តើមជាមួយនឹងផ្នែកខាងក្រៅ Explorer មានការរចនាឡើងវិញជាមួយផ្នែកខាងមុខ និងផ្នែកខាងក្រោយដោយវាមានចង្កៀងមុខប្រភេទ LED ថ្មី ហើយវាមានរូបរាងតូចជាង Explorer បច្ចុប្បន្នបន្ដិច។ ម៉ូដែលមួយនេះបានរចនាប៉ាណាដែលមើលទៅមានទំហំធំ នៅផ្នែកខាងក្រោយបានបំពាក់ជាមួយចង្កៀងប្រភេទ LED នឹងត្រូវបានរំលេចដោយការតុបតែងបន្ថែមជាមួយក្រូមេនៅអក្សរនីមួយៗ។ ផ្នែកខាងក្រោមនៃកាងទទួលបានបន្ទះរអិលកាពារថ្មី និងបំពង់ស៊ីមាំងក្រូមេធំពីរដែលមើលទៅវាកាន់តែមានភាពទាន់សម័យ។ ហើយស្លាកសញ្ញា Explorer បានរចនានៅចំពីមុខលើគំរបម៉ាស៊ីន រីឯនៅខាងក្នុងវិញបានបំពាក់ជាមួយនឹងអេក្រង់ Touch screen ដែលមានទំហំ ២៧ អ៊ីញ កំរិត 4K  ដែលគ្របដណ្តប់ពេញផ្ទៃតាប្លូ។ ការផ្លាស់ប្តូរផ្សេងទៀតរួមមាន ប៉ូតុងចុចបញ្ជាថ្មីនៅលើកុងសូលកណ្តាលសម្រាប់ការគ្រប់គ្រងកម្រិតសំឡេង និងសីតុណ្ហភាព។ វាមានម៉ាស៊ីន 4-cylinder EcoBoost ចំណុះ ២.៣ លីត្រ turbocharged ដែលផលិតកម្លាំង ២៧២ សេះ និងកម្លាំងបង្វិល ៤២៥ ញូតុនម៉ែត្រ។ ថាមពលត្រូវបានបញ្ជូនទៅកង់ក្រោយតាមរយៈប្រអប់លេខស្វ័យប្រវត្តិ ១០ វគ្គ។ ការផ្លាស់ប្តូរមួយចំនួនក៏អាចត្រូវបានអនុវត្តចំពោះរថយន្ត Ford Explorer របស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនាពេលអនាគតផងដែរ៕ អត្ថបទដោយ៖ សូនីតា

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ