រថយន្តទាំងនេះ ទទួលបានទំនុកចិត្តខ្លាំងពីអ្នកប្រើប្រាស់សម្រាប់ឆ្នាំ២០២១

មើល: 7129

នៅពេលទិញរថយន្តថ្មីកត្តាសំខាន់បំផុតមួយដែលមនុស្សរាល់គ្នាចង់បាននោះគឺ ទំនុកចិត្ត ឬភាពជឿជាក់របស់រថយន្ត។ ថ្មីត្បិតតែរថយន្តទំនើបត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់បានយូរអង្វែងដូចៗគ្នាក៏ដោយ តែនៅតែមានម៉ូដែលមួយចំនួនដែលទទួលបានការគាំទ្រនិងពេញចិត្តខ្លាំងពីអតិថិជន។

រថយន្តដែលគួឱ្យទុកចិត្តបំផុត និងបើកបរបានល្អនៅលើដងផ្លូវវាអាចផ្តល់មកជាមួយសុវត្ថិភាពកាន់តែប្រសើរ សន្សំសំចៃប្រេងខ្ពស់ និងផ្តល់នូវលក្ខណៈច្រើនជាងម៉ូដែលមុនៗ។ ហើយទាំងនេះគឺជារថយន្តដែលទទួលបានទំនុកចិត្តខ្ពស់ពីសំណាក់អ្នកប្រើប្រាស់សម្រាប់ឆ្នាំ២០២១។

  ១. Toyota Prius 

រថយន្តប្រភេទ Hybrid ដែលប្រើបានយូរអង្វែងជាពិសេសសន្សំសំចៃប្រេងរបស់តូយ៉ូតាឈរលើគេក្នុងបញ្ជីរបាយការណ៍អតិថិជនសម្រាប់ភាពជឿជាក់។ Prius ត្រូវបានបំពាក់ដោយម៉ាស៊ីន ៤ស៊ីឡាំង ១.៨លីត្រ ជាមួយនឹងម៉ូទ័រអេឡិចត្រិច ដែលល្អសម្រាប់កម្លាំង ១២១សេះ។

រថយន្តនេះដំណើរការដោយប៉ុងទាំងអស់ AWD ឥឡូវនេះវាគឺជាមុខងារដែលអាចប្រើបានសម្រាប់ម៉ូដែលឆ្នាំ២០២១។ វាពិតជាទទួលបានទំនុកចិត្តខ្ពស់នៃការសន្សំសំចៃប្រេង ដោយតាម EPA Fuel Economy របស់ 4.2l/100km ទាំងផ្លូវទៅក្រុង និងនៅលើផ្លូវហាយវេ។

  ២. Lexus NX 

Lexus NX រថយន្ត SUV តូចមួយដែលមានទំហំប្រហាក់ប្រហែលនឹង Toyota RAV4 ។ វាអាចប្រើបានជាមួយនឹងម៉ាស៊ីន turbocharged ៤ស៊ីឡាំង ផ្តល់នូវកម្លាំង ២៣៥សេះ ឬម៉ាស៊ីន Hybrid powertrain ដែលធ្វើឱ្យវាមានលក្ខណៈពិសេសនៅក្នុងទីផ្សាររថយន្ត SUV។

ឧទាហរណ៍ បើតាមការវាយតម្លៃភាពជឿជាក់របស់ Lexus NX200t គឺ ៤.០ ក្នុងចំណោម ៥.០ ដែលវាជាប់ចំណាត់ថ្នាក់ទី២ ក្នុងចំណោម១១ សម្រាប់រថយន្ត SUV ប្រណីតខ្នាតតូច។ ដោយសារ Lexus ស្ថិតនៅក្រោមដំបូលរបស់ Toyota វាមិនគួរឱ្យភ្ញាក់ផ្អើលទេដែល NX ចុងក្រោយបង្អស់អាចជឿទុកចិត្តបាន។ បើតាម Consumer Reports បានសរសេរថា NX មិនមែនគ្រាន់តែជាប្រភេទ SUV ដែលអាចទុកចិត្តបាននោះទេ ប៉ុន្តែវាជាប្រភេទ SUV ដែលអាចទុកចិត្តបំផុតដែលមាននៅលើទីផ្សារនាពេលបច្ចុប្បន្ននេះ។

  ៣. Lexus GX

GX គឺជាប្រភេទ SUV ខ្នាតមធ្យមរបស់ Lexus ហើយវាភ្ជាប់មកជាមួយម៉ាស៊ីន V8 ដ៏ធំ មានសមត្ថភាពបង្កើតកម្លាំងបានរហូតដល់ទៅ ៣០១សេះ។ ក្រឡេកទៅមើលជើងក្រោមរបស់វាការរចនាធ្វើឱ្យវាងាយស្រួលក្នុងការជៀសវាងនូវឧបសគ្គនៅតាមដងផ្លូវ ហើយមានសមត្ថភាពអូសទាញ ២៩៤៨គីឡូក្រាម របស់វាផ្តល់ឱ្យវានូវសមត្ថភាពច្រើនជាងរថយន្ត SUV ប្រណិតមធ្យមដដៃទៀត។

ការវាយតម្លៃភាពជឿជាក់របស់ Lexus GX460 គឺ ៣.៥ ក្នុងចំណោម ៥.០ ដែលវាជាប់ចំណាត់ថ្នាក់ទី៥ ក្នុងចំណោម១៤ សម្រាប់រថយន្ត SUV ខ្នាតមធ្យម។

  ៤. Honda HR-V

ជាមួយនឹងរថយន្តធុនតូច Fit hatchback មួយដែលត្រូវបានបញ្ឈប់ សម្រាប់ឆ្នាំ២០២១ HR-V គឺជារថយន្តតូចបំផុតនៅក្នុងត្រកូលរបស់ Honda ប៉ុន្តែទំហំតូចរបស់វាបានបង្កប់មកនូវផ្នែកខាងក្នុងដែលធំទូលាយ និងងាយស្រួលក្នុងការដឹករបស់របរ។ គ្រប់ម៉ូដែលទាំងអស់មកជាមួយស៊ីឡាំង៤ មានកម្លាំង ១៤១សេះ។

ការវាយតម្លៃភាពជឿជាក់របស់ Honda HR-V គឺ ៥.០ ក្នុងចំណោម ៥.០ ដែលវាជាប់ចំណាត់ថ្នាក់ទី១ ក្នុងចំណោម ៧ សម្រាប់រថយន្តប្រភេទ SUV តូចដែលតូចបំផុត។ ការចំណាយលើការជួសជុលប្រចាំឆ្នាំជាមធ្យមគឺ មានកម្រិតទាបដែលមានន័យថាវាសាកសមក្នុងការធ្វើជាម្ចាស់នៃរថយន្តនេះ។

  ៥. Toyota Prius Prime

Prius Prime ជាប្រភេទ Plug-in hybrid version ផ្តល់នូវការបើកបរ ៤០គីឡូម៉ែត្រ សម្រាប់ការប្រើប្រាស់នូវថាមពលអគ្គិសនីសុទ្ធ ហើយវាក៏បានបន្ថែមនូវរចនាបថកាន់តែទាក់ទាញ។ នៅពេលយើងសាកល្បង Prius Prime វាប្រើប្រាស់ប្រេងឥន្ធនៈ 4.8l/h នៅលើផ្លូវសន្សំសំចៃប្រេង 120Km/h ដែលធ្វើឱ្យវាមានប្រសិទ្ធភាពជាង Prius ធម្មតា។ គ្រប់ម៉ូដែលទាំងអស់មកជាមួយនឹងការសមត្ថភាពបង្កើតកម្លាំង ១២១សេះដូចៗគ្នា។

  ៦. Hyundai Kona

ជាមួយនឹងការរចនារូបរាង និងភាពរីករាយក្នុងការបើកបរលក្ខណៈធម្មជាតិ Hyundai Kona គឺជារថយន្តប្រភេទ SUV ដ៏តូចមួយដែលក្លាយជាទីពេញចិត្តបំផុត។ វាត្រូវបានផ្តល់ជូនជាមួយនឹងម៉ាស៊ីន ៤ស៊ីឡាំង ផលិតកម្លាំងបាន ១៤៧សេះ ឬម៉ាស៊ីន turbocharged នៃកម្លាំង ១៧៥សេះ។ ផ្ទៃខាងក្នុងរបស់ Kona មិនមានភាពទូលាយដូច HR-V ទេ ប៉ុន្តែវានៅតែផ្តល់កន្លែងគ្រប់គ្រាន់សម្រាប់ដឹករបស់របរ និងអ្នកដំណើរ។

បើតាមសន្ទស្សន៍វាយតម្លៃអតិថិជនរបស់ Kelley Blue Book ផ្តល់ឱ្យ Kona នូវចំណាត់ថ្នាក់ភាពអាចជឿជាក់បាន ៤.៧ក្នុងចំណោម៥។ ក្រុមហ៊ុន RepairPal បានដាក់ពិន្ទុលើក្រុមហ៊ុន Hyundai នូវចំណាត់ថ្នាក់ភាពអាចជឿជាក់បាន ៤.០ ក្នុងចំណោម៥ ហើយជាម៉ាកយីហោទី ៤/៣២ ដែលបានចុះបញ្ជីដោយភាពជឿជាក់។

  ៧. Audi A5

A5 ត្រូវបានផ្តល់ជូនជារថយន្តប្រភេទ Coupe និងរថយន្តបំប្លែង A5 ដែលជាម៉ូដែលទ្វារពីរដ៏ប្រណីតរបស់ Audi។ អ្នកទិញដែលកំពុងស្វែងរកកន្លែងបន្ថែមសម្រាប់ដឹកមនុស្ស និងទំនិញ គួរតែពិចារណាម៉ូដែល A5 Sportback ដែលស្រដៀងគ្នា។

A5 Sportback អាចមានជាមួយនឹងម៉ាស៊ីន turbocharged ៤ស៊ីឡាំង powertrains ទាំងពីរ ដែលប្រើប្រាស់ប្រព័ន្ធ Hybrid 12-volt។ វាមានសមត្ថភាពអាចបង្កើតកម្លាំងពី ២០១-២៦១សេះ។ AWD គឺជាស្តង់ដារ ហើយ A5 Sportbacks ទាំងអស់មកជាមួយប្រអប់លេខអូតូប្រាំពីរវគ្គ។

ការវាយតម្លៃភាពជឿជាក់របស់ Audi A5 គឺ ៣.០ ក្នុងចំណោម ៥.០ ដែលវាជាប់ចំណាត់ថ្នាក់ទី២៣ ក្នុងចំណោម៣១ សម្រាប់រថយន្តប្រណិតខ្នាតមធ្យម។

  ៨. Mazda CX-5

រថយន្តនេះបានរួមបញ្ចូលគ្នានូវភាពសប្បាយរីករាយក្នុងការបើកបរនៃម៉ាក Mazda ជាមួយនឹងកាប៊ីនដ៏ប្រណិត និងប្រព័ន្ធថាមពលដែលសន្សំសំចៃប្រេង។ វាអាចមានជាមួយនឹងម៉ាស៊ីន turbocharged បួនស៊ីឡាំងដ៏មានអានុភាព និងការដំណើរការដោយកង់ទាំងអស់។ ការវាយតម្លៃភាពជឿជាក់ Mazda CX-5 គឺ ៤.៥ ក្នុងចំណោម ៥.០ ដែលវាជាប់ចំណាត់ថ្នាក់ទី១ ក្នុងចំណោម២៦ សម្រាប់រថយន្តប្រភេទ SUV ខ្នាតមធ្យម។

Mazda CX-5 2021 មានម៉ាស៊ីនដ៏ខ្លាំងចំនួនពីរដែលម៉ាស៊ីនទីមួយគឺ SKYACTIV®-G DOHC 16-valve ៤ស៊ីឡាំងចំណុះ ២.៥ លីត្រ ជាមួយនឹងស៊ីឡាំង Deactivation។ ម៉ាស៊ីននេះផ្តល់កម្លាំងដល់ទៅ ១៨៧សេះ វាអាចចាត់ទុកថាជារថយន្តដែលល្អបំផុតនិងទុកចិត្តបាននៅក្នុងចំណោមរថយន្ត SUV ខ្នាតតូច។ 

គ្រប់រថយន្តទាំងអស់ត្រូវបានម្ចាស់មួយចំនួនស្នើសុំឱ្យវាយតម្លៃដំណើរការម៉ាស៊ីន ជម្រើសព័ត៌មានកម្សាន្ត ប្រព័ន្ធសុវត្ថិភាព និងទិដ្ឋភាពផ្សេងទៀតនៃយានយន្តរបស់ពួកគេ។ Toyota និងម៉ាកយីហោប្រណីត Lexus របស់ខ្លួនមានទំនោរធ្វើបានល្អជារួមដូចម៉ាកយីហោកូរ៉េដូចជា Hyundai និង Kia ដែរ។ រថយន្តកូរ៉េច្រើនតែមានប្រៀបជាងគូប្រជែងជប៉ុនរបស់ពួកគេរួមមាន Nissan, Honda, Infiniti, និង Acura៕

ចែករំលែក:

Relate Post

ក្រុមហ៊ុនផលិតរថយន្តចំណូលថ្មី NAMX បានបញ្ចេញគំរូរថយន្ត SUV ដំបូងគេដែលប្រើថាមពលអ៊ីដ្រូសែន

  • News

ក្រុមហ៊ុនផលិតរថយន្ត Startup NAMX មួយទើបតែបានបង្ហាញគំរូរថយន្ត SUV ដំបូងបង្អស់ដែលដើរដោយថាមពលអ៊ីដ្រូសែន បន្ទាប់ពីក្រុមហ៊ុន Toyota ដែលបានចាប់ផ្តើមបច្ចេកវិទ្យានេះនឹងបានបំពាក់នៅលើរថយន្តប្រភេទ Hatchback Mirai ។ រថយន្តដែល SUV ថាមពលអ៊ីដ្រូសែនថ្មី កំពុងបង្ហាញលក្ខណៈពិសេសដែលនឹងស្មានមិនដល់ព្រោះវាអាចដកធុងថាមពលចេញមកខាងក្រៅ ហើយវាក៏បានពណ៌នាពី HUV បច្ចេកវិទ្យាថ្មីដែលបែងចែកជាពីរ Version នឹងទទួលបានការរចនារូបរាងពីក្រុមហ៊ុន Pininfarina។  សម្រាប់់ម៉ូដែលដំបូង entry-level របស់ក្រុមហ៊ុន NAMX បានបញ្ជាក់ថាវានឹងមកជាមួយនឹងប្រព័ន្ធបើកបរដោយកង់ខាងក្រោយ (RWD) ហើយអាចបង្កើតកម្លាំងបាន ២៩៦ សេះ ឬ ២២៤ kW ។ រថយន្តនេះគួរតែអាចឈានទៅដល់ល្បឿន ១០០ km/h ប្រើពេល ៦.៥ វិនាទី នឹងបន្តទៅដល់ល្បឿនកំពូលរបស់វាគឺ ២០០ km/h ។  ទន្ទឹមនឹងនេះ GTH version នឹងទទួលបានការបំពាក់ជាមួយនឹងប្រព័ន្ធបើកបរដោយកង់ទាំងបួន (4WD) ដែលមានកម្លាំង ៥៤២ សេះ ឬ ៤១០ kW ។ ចំណែកឯល្បឿនកំពូលរបស់វាគឺ ២៥០ km/h ជាមួយគ្នានេះល្បឿនសន្ទុះពី ០​ ទៅ ១០០ km/h វាចាយពេលតិចជាង ៤.៥ វិនាទី។ តម្លៃសម្រាប់ម៉ូដែលទាំងពីរនេះក្រុមហ៊ុនក៏បានបង្ហាញជាផ្លូវការផងដែរ ដោយតម្លៃរបស់វាចន្លោះពី ៦៥,៤១០ ដុល្លារ ទៅ ៩៩,៩៨៤ ដុល្លារ។ ប៉ុន្តែនៅក្នុងនោះក្រុមហ៊ុនក៏បានបញ្ជាក់ផងដែរថា រថយន្តនេះនឹងបង្ហាញខ្លួននៅលើទីផ្សារត្រឹមឆ្នាំ ២០២៥ ដូច្នេះយើងនឹងរងចាំមើលថាតើនៅប៉ុន្មានឆ្នាំខាងមុខទៀតនេះ ឧស្សាហកម្មរថយន្តនឹងមានភាពរីកចម្រើនអ្វីខ្លះជាពិសេសសម្រាប់រថយន្តដែលប្រើថាមពលអ៊ីដ្រូសែនទាំងនេះ៕ 

Land Cruiser ស៊េរីឆ្នាំ ២០២២ អាចឱ្យអ្នកដកលុយ ២៥,០០០ ដុល្លារទៀតដើម្បីទទួលបានឆុតកាបូនមួយនេះ

  • News

រថយន្ត SUV ដ៏ពេញនិយមបំផុតរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បន្ទាប់ពីបានចាប់ផ្តើមដំណើរការតាំងពី ៧០ ឆ្នាំមុន មកទល់ពេលនេះ Toyota Land Cruiser ជំនាន់ថ្មីស៊េរីឆ្នាំ ២០២២ ទើបតែបាននែនាំកាលពីឆ្នាំមុនជាមួយនឹងការកែប្រែរូបរាងជាច្រើនដែលប្លែកដាច់ពីជំនាន់មុនៗ។ ហើយដោយសារតែរូបរាងដ៏ទាក់ទងទាំងនេះទើបក្រុមហ៊ុនកែប្រែរថយន្តដ៏ល្បីលំដាប់ពិភពលោក Khann International សម្រេចធ្វើការរចនាបន្ថែមដើម្បីធ្វើឱ្យ Land Cruiser មានរូបរាងកាន់តែអង់អាច។  ក្រុមហ៊ុន Khann តែងផ្តោតលើការធ្វើឱ្យរថយន្ត SUV មានលក្ខណៈស្ព័រ ហើយ Land Cruiser ទទួលបានប៉ាណាថ្មី និងបំពង់ខ្យល់ដែលផលិតពីសរសៃកាបូន បូករួមទាំងការបន្ថែមកាងខាងមុខដែលបង្ហាញពីការបញ្ចូលភ្លើងក្លែងក្លាយ និងអំពូល LED ជាដើម។ មិនតែប៉ុណ្ណោះពួកគេក៏បានពង្រីកបន្ថែមគម្របកង់ឱ្យធំទូលាយតាមទម្រង់ថ្មី ដែលមានយ៉ាន់កង់ទំហំ ២២ អ៊ីង និងសំបកកង់ដែលមានទ្រង់ទ្រាយទាប។ សមាសធាតុផ្សេងទៀតរួមមានមួកកញ្ចក់កាបូន ព្រមទាំង Spoiler ខាងក្រោយក៏រំលេចដោយសរសៃកាបូនផងដែរ។  សម្រាប់តម្លៃដែលបានចំណាយលើការកែប្រែមួយនេះ ក្រុមហ៊ុន Khann បានកំណត់តម្លៃដូចតទៅ៖ តម្លៃ ៥,២១០ ដុល្លារ សម្រាប់ខ្លប់ខាងមុខកាបូនហ្វាយប័រ តម្លៃ ១,៤៤០ ដុល្លារសម្រាប់មួកកញ្ចក់ទាំងសងខាង តម្លៃ ១,៣៥០ ដុល្លារសម្រាប់ Spoiler ខាងក្រោយ តម្លៃ  ២,០៦០ ដុល្លារសម្រាប់ប៉ាណាខាងមុខ តម្លៃ ២,៥១០ ដុល្លារសម្រាប់ bodykit តម្លៃ ២,២៤០ ដុល្លារសម្រាប់កាបូនហ្វាយប័រ ៨ ផ្នែក  តម្លៃ ៨,៦០០ ដុល្លារសម្រាប់សំណុំកង់ទាំង៤ មានយ៉ាន់កង់ និងរបាំងការពារកង់ អ្វីដែលលើសពីនេះតម្លៃដែលបានចំណាយនេះមិនរាប់បញ្ចូលការដឹកជញ្ជូន ថ្នាំលាប ពន្ធ និងថ្លៃប្រតិបត្តិការទេ។  គួរបញ្ជាក់ផងដែរជាមួយនឹងរូបរាងដ៏កាចមួយនេះត្រូវបានផ្សំជាមួយនឹងការបង្កើតថាមពលរបស់ម៉ាស៊ីន V6 ចំណុះ ៣.៥ លីត្រ ដែលមានសមត្ថភាពអាចផលិតកម្លាំងបាន ៤០៩ សេះ ។  ដូច្នេះប្រសិនបើអ្នកចង់ធ្វើការកែប្រែ Land Cruiser ថ្មីរបស់ អ្នកមិនចាំបាច់ចំណាយទៅលើការកែប្រែម៉ាស៊ីនថ្មីនោះទេ តែអ្នកអាចចំណាយទឹកប្រាក់ប្រហែល ២៤,០០០ ដុល្លារ ទៅ ២៥,០០០ ដុល្លារពីលើតម្លៃរថយន្តចេញពីរោងចក្រ ៨០,៨៧៣ ដុល្លារ៕

Land Rover ធ្វើកំណែទម្រង់ថ្មីលើម៉ូដែល Defender ចំនួន ៥០០​ គ្រឿងបន្ថែមទៀតសម្រាប់ការគម្រប់ខួបទី ៣០ នៃការចេញលក់លើទីផ្សារជាលើកដំបូង

  • News

ក្រុមហ៊ុន Land Rover កំពុងប្រារព្ធខួបលើកទី ៣០ នៃការណែនាំនៅម៉ូដែល Defender ម៉ូដែលនេះត្រូវបានគេដាក់ឈ្មោះថា Defender 30th Anniversary Edition ស៊េរីឆ្នាំ ២០២៣ ។ រថយន្ដម៉ូដែលមួយនេះបានណែនាំក្នុងឆ្នាំ ១៩៩២ ដែលត្រូវបានគេស្គាល់ថាជា Defender 110 គឺជារថយន្តដំបូងគេដែលបានលក់នៅអាមេរិកខាងជើង។ ដោយវាបានផលិតដោយដៃនៅរោងចក្រ Solihull ជាប្រវត្តិសាស្ត្ររបស់ Land Rover ក្នុងចក្រភពអង់គ្លេសហើយវាមានការគាំទ្រខ្លាំងពីអតិថិជន។ ម៉ូដែល Defender 30th Anniversary Edition ស៊េរីឆ្នាំ ២០២៣ ត្រូវបានកំណត់ចេញលក់ត្រឹមតែ ៥០០ គ្រឿងតែប៉ុណ្ណោះដោយផ្អែកលើ Defender 110 ម៉ូដែល P300 S។ ផ្នែកខាងក្រៅនៃរថយន្ដវាបានបំពាក់ចង្កៀងប្រភេទ LED ដោយបានបន្ថែមជាមួយកាងសំរាប់ដាក់អ៊ីវ៉ាននៅខាងលើដំបូលដែលវាមានជណ្ដើរនៅជំហៀងរថយន្ដធ្វើអោយកាន់តែងាយស្រួលក្នុងការឡើងចុះ នឹងវាប្រើប្រាស់ជាមួយយ៉ានកង់ទំហំ ១៨ អ៊ីង នៅខាងក្រោយក៏បានបំពាក់ផ្លាកសញ្ញា Defender 30 years ផងដែល។ Defender នឹងទទួលបានម៉ាស៊ីន V8 ចំណុះ ៥.០ លីត្រដែលផលិតកម្លាំងបាន ៥១៨ សេះ និងកម្លាំងបង្វិល៨៤៦ ញូតុនម៉ែត្រ។ រថយន្តមួយនេះត្រូវបានបំពាក់យ៉ាងល្អសម្រាប់ការបើកបរលើផ្លូវ Off road និងបានបំពាក់នូវប្រព័ន្ធជើងក្រោមដែលអាចបញ្ជារចុះឡើងបានធ្វើអោយងាយស្រួលក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវ។ ជាមួយការចនាប័ទ្មផ្នែកខាងក្នុងវិញវាបានបំពាក់ជាមួយកៅអីស្បែកប្រភេទ Ebony grained វាបានបំពាក់អេក្រង់ touchscreen ទំហំ ១១.៤ អ៊ីញ ដែលប្រើប្រាស់ជាមួយប្រព័ន្ធ Apple CarPlay, Android Auto ថែមទាំងមានការសាកថ្មឥតខ្សែ វាក៏មានជាមួយរន្ធ USB ២ និង speaker ចំនួនប្រាំមួយគ្រាប់ផងដែល។ វាបានរចនាមកយ៉ាងពិសេសសំរាប់ខួបទី ៣០ នេះហើយម៉ូដេល Land Rover Defender 30th Anniversary Edition នេះវាមកជាមួយតម្លៃ ៧៦,៣៥០ ដុល្លារដែលជាតម្លៃចេញពីរោងចក្រ។ អត្ថបទដោយ៖ សូនីតា

៥ ចំណុចសំខាន់ៗដែលអ្នកត្រូវដឹងមុនទិញ​ម៉ូដែល Toyota Tundra Capstone ស៊េរីឆ្នាំ ២០២២

  • News

Toyota Tundra Capstone ស៊េរីឆ្នាំ ២០២២ គឺជារថយន្តកំពូលរបស់ត្រកូល Tundra ហើយវាមានតម្លៃសរុប ៧៣,៥៣០ ដុល្លារចេញពីរោងចក្រ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺរថយន្ត Pickup ដ៏ប្រណិតមួយនេះបានភ្ជាប់មកជាមួយប្រព័ន្ធ Hybrid ដែលជួយសន្សំសំចៃប្រេងឥន្ធនៈដល់អ្នកបើកបរជាដើម។ ជាមួយផ្ទៃខាងក្នុងដែលអាចប្រកួតប្រជែងជាមួយរថយន្ត SUV មួយចំនួនបានការរចនាផ្នែកខាងក្រៅដែលអាចប្រកួតប្រជែងជាមួយនឹងរថយន្ត Pickup ប្រណិតផ្សេងទៀតដូចជា Ford F-150 Limited, Chevrolet Silverado និង Ram 1500 Limited ។ ហើយថ្ងៃនេះយើងនឹងលើកចំនុចសំខាន់ៗទាំង ៥ ដែលអ្នកត្រូវដឹងមុនពេលទិញម៉ូដែល Toyota Tundra Capstone ស៊េរីឆ្នាំ ២០២២ ។   ១. ប្រព័ន្ធ Hybrid Powertrain ដែលល្អសម្រាប់ការបើកបរលើផ្លូវហាយវេ វាមកជាមួយម៉ាស៊ីន Twin-turbo V6 ចំណុះ ៣.៥ លីត្រ ដែលមានថាមពលថ្ម ៣៦ គីឡូវ៉ាត់ដែលបង្កើតកម្លាំងសរុប ៤៣៧ សេះ និងកម្លាំងបង្វិល ៧៩០ ញូតុនម៉ែត្រអាចបង្កើនល្បឿនពី ០ ទៅ ៩៦ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេលប្រហែល ៦.៥ វិនាទីដែលបញ្ជូនចលនាដោយប្រអប់លេខស្វ័យប្រវត្តិ ១០ វគ្គ។   ២. កំលាំងអូសសណ្ដោង រថយន្តនេះបានផ្តល់នូវកម្លាំងអូសសណ្ដោងបាន ៤,៦៩០ គីឡូក្រាម ដែលសមត្ថភាពអូសទាញនេះគឺទាបជាងគូប្រជែងនៅលើទីផ្សារបច្ចុប្បន្ន។   ៣. កំរិតស៊ីសាំង ជាមួយនឹងការចាក់សាំងមួយពេញ ១២២ លីត្រ រថយន្តនេះអាចបើកបរបានចម្ងាយ ៩៨៣ គីឡូម៉ែត្រក្នុងទីក្រុង និង ១១៣៩ គីឡូម៉ែត្រនៅលើផ្លូវហាយវេ។   ៤. ការរចនាផ្នែកខាងមុខ ម៉ូដែលមួយនេះបានបំពាក់ជាមួយចង្កៀងមុខ LED ដែលត្រូវបានរចនាយ៉ាងស្រស់ស្អាតជាមួយនឹងភ្លើងប្រដេញពេលថ្ងៃ Daytime running light និងប្រើប្រាស់យ៉ាន់កង់ទំហំ ២២ អ៊ីងហើយក៏បានបំពាក់ជាបូ៉មខ្យល់ដែលងាយស្រួលបើកបរគ្រប់ស្ថានភាពផ្លូវបានយ៉ាងល្អ។   ៥. ប្រព័ន្ធព័ត៌មានដ៏ទំនើប ផ្ទៃខាងក្នុងបានបំពាក់មកជាមួយនឹងប្រព័ន្ធអេក្រង់កំសាន្ដ Touchscreen ទំហំ ១៤ អ៊ីងជាមួយនឹងប្រព័ន្ធ Apple CarPlay និង Android Auto នៅមានវិទ្យុ SiriusXM ប្រព័ន្ធ Speaker JBL ១២ គ្រាប់ផ្តល់នូវបទពិសោធន៍បើកបរស្តាប់តន្ត្រីដ៏ពិរោះ។ ក្រុមហ៊ុនក៏បានរចនាកៅអីពូកស្បែក និងដៃចង្កូតដែលរុំដោយស្បែកជាមួយនឹងប៊ូតុងចុចដ៏ប្រណិត ដែលសុទ្ធតែបំពាក់ដោយបច្ចេកវិទ្យាខ្ពស់។ កៅអីខាងមុខមានផាសុកភាព ហើយកៅអីខាងក្រោយមានទំហំធំទូលាយងាយស្រួលក្នុងការធ្វើដំណើរ រីឯទ្រុងខាងក្រោយផ្ទុកបាន ៦៨០ គីឡូក្រាមដែលធ្វើអោយអ្នកបើកបររីករាយក្នុងការដាក់ទំនិញបានកាន់តែច្រើន៕ អត្ថបទដោយ៖ សូនីតា  

ក្រុមហ៊ុន Toyota នឹងបញ្ចេញរថយន្ដម៉ូដែល Toyota Supra ស៊េរីឆ្នាំ ២០២៣ នៅលើទីផ្សារចុងឆ្នាំនេះ

  • News

ក្រុមហ៊ុន Toyota បានបង្ហាញនៅម៉ូដែលថ្មីជារថយន្ដបែបស្ព័រដែលគេបានស្គាល់ថាវាគឺម៉ូដែល Toyota Supra A91-MT ស៊េរីឆ្នាំ ២០២៣ ។ ម៉ូដែលនេះត្រូវបានគេចាត់ទុកថាជាការអភិវឌ្ឍន៍ថ្មីមួយ ដែលវាប្រើប្រាស់ជាមួយចង្កឹះលេខដៃហើយត្រូវបានបង្កើតឡើងជាពិសេសសម្រាប់ម៉ាស៊ីន ៣.០ លីត្រនឹងកម្លាំងបង្វិលរបស់ម៉ាស៊ីនត្រូវបានកំណែបន្ថែមអោយវាកាន់តែខ្លាំង។ ប្រអប់លេខដែលមានទម្ងន់ ២០០ ក្រាម និងចង្កឹះលេខដែលមានភាពងាយស្រួលក្នុងការផ្លាស់ប្តូរប្រអប់លេខ។ ដោយវាមានប្រាំមួយស៊ីឡាំង 4-pot នឹងមានជម្រើស Option ពីរគឺ ៣.០ និង ៣.០ Premium trims កំណែថ្មីសម្រាប់ឆ្នាំ ២០២៣ នេះបានភ្ជាប់មកជាមួយអត្ថប្រយោជន៍ទាំងអស់ប៉ុន្តែជាមួយនឹងស្រោមពូកស្បែក Cognac ពណ៌ត្នោត ដែលមិនមាននៅលើ Supra ផ្សេងទៀតទេ។ ហើយវាក៏មានភ្ជាប់មកជាមួយប៊ូតុងប្តូរ Alcantara, ប្រអប់ហ្វ្រាំងពណ៌ក្រហម, ផ្លាកសញ្ញាពណ៌ក្រហម និងប៊ូតុងប្តូរដែលរុំដោយ Alcantara ។ ម៉ូដែលពិសេសនេះត្រូវបានកំណត់ត្រឹម ៥០០ គ្រឿងតែប៉ុណ្ណោះដែលមានពណ៌ ប្រផេះផ្លេកៗ ឬ ពណ៌សកាមៃ៉។ រថយន្ដ A91-MT បានភ្ជាប់មកជាមួយប្រព័ន្ធសំឡេង JBL ថ្មីចំនួន ១២ គ្រាប់ដែលត្រូវបានផ្តល់ជូនជាស្តង់ដារនៅលើផ្នែក Premium ផងដែរ។ ការផ្លាស់ប្តូរនៃម៉ូដែលនេះច្រើនមានតែប្រើប្រាស់ដោយចង្កឹះលេខដៃ ដោយសារ Toyota បានកែប្រែបន្ថែមលើប្រព័ន្ធជើងក្រោម និងចង្កូត ព្រមទាំងមុខងារ Track mode សម្រាប់ការបើកបរកាន់តែងាយស្រួល។ គួរឱ្យចាប់អារម្មណ៍ណាស់ឥឡូវនេះវាក៏មានមុខងារ Hairpin+ drive ដើម្បីឱ្យមានភាពខុសប្លែកគ្នាកាន់តែខ្លាំង នឹងដើម្បីធ្វើឱ្យការបើកបរលើផ្លូវដែលកោងមានភាពងាយស្រួលជាងមុន និងម៉ូដែលនេះប្រើប្រាស់ជាយ៉ាន់កង់ទំហំ ១៩ អ៊ីញ។ ក្រុមហ៊ុន Toyota នឹងមានរថយន្ត Supra ស៊េរីឆ្នាំ ២០២៣ ចែកចាយនឹងដាក់លក់នៅសហរដ្ឋអាមេរិកចុងឆ្នាំនេះជាមួយនឹងព័ត៌មានលម្អិតអំពីតម្លៃនឹងត្រូវប្រកាសនៅពេលឆាប់ៗនេះ៕ អត្ថបទដោយ៖ សូនីតា  

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ