ក្រុមហ៊ុនផលិតរថយន្តទាំងពីរនេះត្រូវបានអតិថិជនដាក់ពាក្យបណ្តឹងពីបទចោរកម្មរថយន្ត

មើល: 8164

ដំណឹងនៃការបាត់រថយន្តបានក្លាយទៅជាប្រធានបទយ៉ាងក្តៅគគុកក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដែលកំពុងរីករាលដាលយ៉ាងខ្លាំងរហូតធ្វើឱ្យក្រុមហ៊ុនមួយចំនួនត្រូវបានរងការស្តីបន្ទោសពីម្ចាស់រថយន្ត ដែលមិនបានបំពាក់ឧបរណ៍ដែលជួយការពារសុវត្ថិភាពរថយន្តរបស់ពួកគេ។ ជាក់ស្តែងថ្មីៗនេះតាមរយៈគេហទំព័របរទេសមួយបាននិយាយថារថយន្តរបស់ប្រទេសកូរ៉េទាំងពីរនេះដែលមាន Kia និង Hyundai បានក្លាយជាទីពេញចិត្តយ៉ាងខ្លាំងនៃលោកចោរ។

ចាប់តាំងពីឆ្នាំ ២០១៩ អត្រានៃការលួចគឺជិត ៣០ ដងក្នុងមួយថ្ងៃ រយៈពេលត្រឹមតែ ៦ ខែដំបូងប៉ុណ្ណោះ មកទល់ពេលនេះការលួចរថយន្តគឺជិត ១០,០០០ គ្រឿងទៅហើយ។ មូលហេតុរថយន្តរបស់ Kia និង Hyundai បានក្លាយជាមុខសញ្ញាសំខាន់ ព្រោះវាងាយស្រួលលួចដោយគ្រាន់តែប្រើប្រាស់ទួណឺវីសដើម្បីដោះសោរទ្វា និងដៃចង្កូត បន្ទាប់មកពួកចោរអាចបើកបររថយន្តបានដោយគ្មានសោរ ហើយភាគច្រើនរថយន្តទាំងអស់ត្រូវបានលួចតាមវិធីនេះ។

ទីក្រុងដែលមានករណីលួចរថយន្តនេះច្រើនបានកំពុងដាក់ពាក្យបណ្តឹងទៅក្រុមហ៊ុន Kia & Hyundai ដោយចោទប្រកាន់ក្រុមហ៊ុនថាមិនបានដំឡើងឧបករណ៍ការពារ និងប្រឆាំងអំពើចោរកម្ម ដូចជាឧបករណ៍ immobilizer ដែលជាឧបរណ៍សុវត្ថិភាពអេឡិចត្រូនិចដែលបំពាក់ជាមួយយានយន្តការពារម៉ាស៊ីនពីការចាប់ផ្តើមលុះត្រាតែមានសោត្រឹមត្រូវ ហើយវាក៏បានកាត់បន្ថយអត្រានៃការលួចរថយន្តរហូតដល់ទៅ ៤០%។ 

ដោយបារម្ភពីការខឹងសម្បារនៃម្ចាស់រថយន្ត និងមិនចង់មានជោគវាសនាដូចជាក្រុមហ៊ុន Kia និង Hyundai ក្រុមហ៊ុនជាច្រើនបានព្យាយាមបំពាក់ឧបករណ៍ការពាររថយន្តសារជាថ្មី។ តួយ៉ាងក្រុមហ៊ុន Volvo ដែលទើបតែប្រកាសថ្មីៗនេះថាខ្លួនកំពុងបានចាប់ដៃគូជាមួយក្រុមហ៊ុន Vodafone Automotive ដើម្បីផ្តល់ជូនអតិថិជនរបស់ខ្លួននូវគ្រឿងបន្លាស់តាមដានយានយន្តថ្មី ដើម្បីប្រយុទ្ធប្រឆាំងនឹងការលួចរថយន្ត និងឧក្រិដ្ឋកម្ម។

ឧបករណ៍នេះហៅថា Vodafone Automotive VTS S5 ដែលម្ចាស់រថយន្តអាចតាមដាន និងយករថយន្តរបស់ពួកគេមកវិញ ដោយមានជំនួយពីបណ្តាញមជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាពរបស់ Vodafone Automotive ដែលដំណើរការ ២៤/៧ ក៏ដូចជាជំនួយពីប៉ូលីសក្នុងតំបន់ទូទាំងប្រទេស រួមទាំងឧបករណ៍ប្រើប្រាស់បច្ចេកវិទ្យា Internet of Things (IoT) ដែលវាអាចកំណត់ទីតាំងរបស់រថយន្តបានរហូតដល់ ១០ ម៉ែត្រ។

ចែករំលែក:
ស្លាក:

Relate Post

ក្រុមហ៊ុន KIA គ្រោងនឹងដាក់បង្ហាញរថយន្ដម៉ូដែល Telluride ស៊េរីឆ្នាំ ២០២៣ លើទីផ្សារឆាប់ៗនេះ

  • News

ថ្មីៗនេះក្រុមហ៊ុន Kia បានបញ្ចេញនូវម៉ូដែលថ្មីមួយគឺ Telluride ស៊េរីឆ្នាំ ២០២៣ ដែលជាម៉ូដែលមួយដែលបានឈ្នះពានរង្វាន់ MotorTrend ប្រចាំឆ្នាំ ២០២០ នៅពេលបង្ហាញខ្លួនដំបូងរបស់វា។ ឥលូវនេះអ្វីដែលកាន់តែល្អប្រសើរជាងមុននោះគឺក្រុមហ៊ុន Kia បានធ្វើការរចនារូបរាងខាងក្រៅកាន់តែអស្ចារ្យដែលវាបានបំពាក់ជាមួយនឹងម៉ាស៊ីន X-Line និង X-Pro សម្រាប់ថាមពលក៏ខ្លាំងជាងមុនជាមួយស៊េរីថ្មីនេះ។ ម៉ូដែលនេះមានពណ៌ជាច្រើនសម្រាប់ជ្រើសរើសមានដូចជា ពណ៍ខៀវក្រម៉ៅ, ពណ៌ឈាមជ្រូក និង ពណ៌បៃតងចាស់។ អ្វីដែលប្លែកជាងមុននោះគឺចង្កៀងខាងមុខ ស្តុបខាងក្រោយ បានរចនាឡើងយ៉ាងប្រណិតដែលពិសេសជាងម៉ូដែលមុនៗ។ បើក្រឡេកមើលនៅផ្នែកខាងក្នុងវិញដែលវាមានកៅអីបីជួរ ដែលអាចផ្ទុកអ្នកដំណើរបានរហូតដល់ប្រាំបីទៅប្រាំបួនអ្នកជាមួយផ្ទៃតាប្លូដ៏ស្រស់ស្អាតនឹងដៃចង្កូតរចនាឡើងថ្មី និងអេក្រង់ដែលលាតសន្ធឹងពីខាងមុខអ្នកបើកបរដល់ពាក់កណ្តាលនៃរថយន្តមានទំហំ ១២.៣ អ៊ីង។ សម្រាប់ម៉ូដែល Telluride ស៊េរីឆ្នាំ ២០២៣ វាមានជម្រើសថ្មីចំនួនពីរសំរាប់ជ្រើសរើសគឺ X-Line និង X-Pro ដោយ X-Line មានកម្ពស់ពីដីខ្ពស់ជាងមុន ១ សង់ទីម៉ែត្រ និងមានកង់ទំហំ ២០ អ៊ីញ។ រីឯជម្រើស X-Pro វិញក៏មានកង់ទំហំ ២០ អ៊ីង និងអាចសណ្តោងបានទម្ងន់បានរហូតដល់ ២៤៩៤ គីឡូក្រាម។ រថយន្ដមួយនេះវាបានបំពាក់ជាមួយម៉ាស៊ីន V6 ចំណុះ ៣.៨ លីត្រ បង្កើតបានកម្លាំង ២៩១ សេះ ដែលវាដំណើរការដោយប៉ុងទាំងពីរ និងប្រើប្រាស់ប្រអប់លេខស្វ័យប្រវត្តិប្រាំបីវគ្គ។ ជាមួយជម្រើស X-Line និង X-Pro ក្រុមហ៊ុន Kia បានបង្កើនប្រពន័្ធសុវត្ថិភាពការពារជាមួយការប៉ះទង្គិច និងប្រព័ន្ធជំនួយរក្សាគន្លងផ្លូវ ប្រពន័្ធជំនួយការបើកបរលើផ្លូវហាយវេ ហើយក្រុមហ៊ុនក៏បានបន្ថែមប្រព័ន្ធដែលអាចគ្រប់គ្រង់ដឹងពីស្លាកសញ្ញារហាមឃាត់បានយ៉ាងល្អ។ ជាមួយនឹងព័ត៍មានពីតម្លៃ និងពេលវេលាដាក់លក់នឹងមកដល់ឆាប់ៗនេះ៕ អត្ថបទដោយ៖ សូនីតា

Hyundai Palisade ស៊េរីឆ្នាំ ២០២៣ ទទួលបានការកែប្រែមុខមាត់ថ្មី ប៉ាណាខាងមុខធំមិនចាញ់ Land Cruiser ទេ

  • News

កាលពីថ្មីៗនេះក្រុមហ៊ុន Hyundai ទើបតែដាក់បង្ហាញម៉ូដែល Hyundai Palisade ស៊េរីឆ្នាំ ២០២២ របស់ខ្លួនជាលើកដំបូងនៅក្នុងកម្មវិធី New York International Auto Show នៅសប្តាហ៍នេះ។ បន្ទាប់មកការលេចធ្លាយរូបរាងជាច្រើនសន្លឹកនៅលើបណ្តាញសង្គមអំពីស៊េរី ២០២៣ បានផ្ទុះដោយធ្វើឱ្យយើងមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនឹងរូបរាងថ្មីរបស់ Palisade។ ដូច្នេះក្រោយរូបភាពត្រូវបានចែកចាយក្រុមហ៊ុនផលិតរថយន្តកូរ៉េនេះក៏បានសម្រេចចិត្តបញ្ចេញរូបរាងនៃសេ៊រី ២០២៣ ជាផ្លូវការនៅលើបណ្តាញផ្សព្វផ្សាយរបស់ខ្លួន ហើយនឹងព្រឹត្តិការណ៍ផ្សាយផ្ទាល់របស់ខ្លួនដែលនៅក្នុងទីក្រុង New York ដែលមានរូបភាពតិចតួចបានបង្ហាញពីម៉ូដែល Palisade ឆ្នាំ ២០២៣ នេះគឺជារូបរាងពិតប្រាកដមែន។ រូបភាពមួយបានបង្ហាញពីព័ត៌មានលម្អិតសំខាន់ៗមួយចំនួនអំពីការធ្វើឱ្យមានភាពទាន់សម័យនៃម៉ូដែលឆ្នាំ ២០២៣ របស់ Palisade រួមទាំងមើលទៅផ្នែកខាងមុខបានរចនាបា៉ណាថ្មីមើលទៅមានទំហំធំ និងចង្កៀងខាងមុខដែឡមានការខុសពីម៉ូដែលមុនតែបន្តិចរីឯចង្កៀងខាងក្រោយបានរចនាបែបបញ្ឈរមានរាងស្តើងបន្តិចដែលមើលទៅប្រណិតជាងមុន។ នៅក្នុងរូបភាពនេះទំនងជាមានកម្រិតតុបតែងទំនើបជាងមុនហើយការរចនាយ៉ាន់កង់ថ្មីដែលមើលទៅពិតជាទាក់ទាញ។ ដូចនេះវាប្រហែលជានឹងមានការផ្លាស់ប្តូរផ្សេងទៀតដែលមិនអាចដឹងចំពោះម៉ូដែល Palisade ថ្មីនេះប៉ុន្តែជាមួយកំលាំងម៉ាស៊ីនក្រុនហ៊ុននឹងមិនមានការផ្លាស់ប្តូរនោះទេ។ អ្នកគាំទ្រទាំងអស់សង្ឃឹមថាការកែលម្អផ្នែកខាងក្នុង និងផ្នែកខាងក្រៅអាចមានពណ៌ថ្មីមួយចំនួនសម្រាប់ Palisade ឆ្នាំ ២០២៣។ ហើយក្រុមហ៊ុនក៏បានបញ្ជាក់ច្បាស់ថានឹងដាក់បង្ហាញរថយន្ត Palisade នៅក្នុងកម្មវិធីតាំងបង្ហាញរថយន្តនៅទីក្រុងញូវយ៉កនៅបព្រឹកថ្ងៃសទី ១៣ ខែមេសានេះ៕ អត្ថបទដោយ៖ សូនីតា

ក្រុមហ៊ុន Kia កំពុងអភិវឌ្ឍន៍អំពូល Puddle ថ្មីដែលអាចឱ្យម្ចាស់រថយន្តរចនាតាមចំណង់ចំណូលចិត្ត

  • News

Kia គឺជាក្រុមហ៊ុនផលិតរថយន្តចំណាស់ជាងគេបំផុតរបស់ប្រទេសកូរ៉េ ដែលបានបង្កើតឡើងក្នុងខែឧសភា ឆ្នាំ ១៩៤៤ ។ ក្រឡេកមកមើលពេលបច្ចុប្បន្ននេះក្រុមហ៊ុន Kia កំពុងតែប្រែក្លាយខ្លួនទៅជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដែរមានតម្លៃសមរម្យសម្រាប់ផ្តល់ឱ្យអតិថិជនរបស់ពួកគេ។ ទន្ទឹមជាមួយគ្នានេះដែលក្រុមហ៊ុន Kia ក៏គ្រោងនឹងបង្ហាញរថយន្ត EV9 ថ្មីរបស់ខ្លួននៅឆ្នាំក្រោយនេះផងដែរ។ ការប្រកាសរបស់ក្រុមហ៊ុន Kia ទាំងពីរនេះបានធ្វើឱ្យអ្នកគាំទ្រមានការពេញចិត្តជាខ្លាំងជាមួយនឹងតម្រូវការនាពេលបច្ចុប្បន្ន។ ថ្មីៗនេះផងដែរក្រៅពីការប្រកាសនៃវត្តមានរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Kia យើងក៏បានប្រទះឃើញនូវប៉ាតង់ថ្មីដោយ Kia កំពុងធ្វើការទៅលើប្រព័ន្ធពន្លឺភ្លើងដោយវាអាចផ្លាស់ប្តូររូបភាពទៅតាមអ្វីដែលយើងចង់បាន។ បើតាមរូបភាពពីសារព័ត៌មាន CarBuzz បានបង្ហាញឱ្យឃើញនូវម៉ូដែលរថយន្ត Kia Sportage ដោយមានរូបភាពផ្សេងៗនៃពន្លឺភ្លើងដែលបានបញ្ចាំងទៅលើដី។ ក្រុមហ៊ុន Kia បានបញ្ជាក់ថា ការបង្កើតនូវប្រព័ន្ធពន្លឺភ្លើងមួយនេះវាអាចជួយឱ្យអ្នកងាយស្រួលក្នុងការបោះជំហានចូលទៅក្នុងរថយន្តជាមួយនឹងពន្លឺភ្លើងផ្នែកខាងក្រោមនៃទ្វាររថយន្ត ។ Kia បានបន្ថែមទៀតថា វាពិតជាងាយស្រួលក្នុងការសម្គាល់នូវរថយន្តរបស់អ្នកខណៈពេលដែលកំពុងតែចតចោលនៅកន្លែងណាមួយឬនៅក្នុងស្ថានភាពដែលងងឹតខ្លាំង។ ជាមួយគ្នានេះដែរវាក៏អាចឱ្យអ្នកបើកបរផ្សេងទៀតងាយស្រួលក្នុងការចតឆ្ងាយពីរថយន្តរបស់អ្នកដើម្បីជៀសវាងទៅលើការប៉ះទង្កិចណាមួយដែលនឹងអាចកើតមានឡើង។ អត្ថបទដោយ៖ សាល សក្កណា

Starbucks និង Volvo នឹងសហការគ្នាបង្កើតនូវឧបករណ៍សាកថ្មដំឡើងតាមហាងកាហ្វេនានារបស់ Starbucks

  • News

ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ត Volvo និងហាងកាហ្វេ Starbucks បានក្លាយជាដៃគូរសហការដោយពួកគេនឹងបង្កើតបណ្តាញសាកថ្មល្បឿនលឿនសម្រាប់រថយន្តអគ្គិសនីដំបូងទៅលើហាងកាហ្វេ Starbucks នៅឯសហរដ្ឋអាមេរិក។ ដោយ Starbucks មានគម្រោងក្នុងការចាប់ផ្តើមជាមួយនឹងការដំឡើងឧបករណ៍បញ្ចូលថ្មល្បឿនលឿន ChargePoint DC ដល់ទៅ ៦០ នៅតាមហាងរបស់ខ្លួនចំនួន ១៥ កន្លែង។ នៅក្នុងដំណាក់កាលដំបូងរបស់ពួកគេនៃគម្រោងមួយនេះ ដែលគ្រោងនឹងចាប់ផ្តើមនូវរដូវក្តៅខាងមុខនេះ។ ហើយឧបករណ៍សាកថ្មមួយនេះនឹងត្រូវបានដំឡើងនៅតាមបណ្តោយផ្លូវដែលមានចម្ងាយ ២,១៧៣ គីឡូម៉ែត្រចាប់ពីទីក្រុង Denver ទៅទីស្នាក់ការកណ្តាលរបស់ Starbucks នៅឯទីក្រុង Seattle ។ ទន្ទឹមនឹងនេះពួកគេបានបន្ថែមទៀតថា ការបញ្ចូលថាមពលថ្មរបស់ពួកគេអាចបានចន្លោះពី ២០ ទៅ ៨០ ភាគរយដោយប្រើរយៈពេលសាកត្រឹមតែ ៤០ នាទីប៉ុណ្ណោះ។ ចំណែកឯម្ចាស់រថយន្តអគ្គិសនី Volvo ទាំងអស់់កាន់តែងាយស្រួលក្នុងការស្វែងរកនូវស្ថានីយ៍សាកថ្មដោយគ្រាន់តែប្រើប្រាស់កម្មវិធី ChargePoint ដែលវាបានរួមបញ្ចូលបន្ថែមទៀតទៅលើទីតាំងរបស់ Starbucks ។ ពិសេសពីនេះទៅទៀតម្ចាស់រថយន្ត Volvo ទាំងអស់នឹងទទួលបាននូវការបញ្ជូលថ្មរដោយឥតគិតថ្លៃជាមួយនឹងស្ថានីយ៍សាកថ្មថ្មីមួយនេះ។ នាយកប្រតិបត្តិក្រុមហ៊ុន Volvo លោក Anders Gustafsson បាននិយាយថា ការផ្តល់នូវឧបករណ៍បញ្ជូលថ្មនៅស្ថានីយ៍របស់ Starbucks ដោយវានឹងអាចធ្វើឱ្យម្ចាស់រថយន្តមានភាពរីករាយជាមួយភេសជ្ជៈ និងការសម្រាកពេលដែលរថយន្តរបស់ពួកគេកំពុងតែបញ្ចូលថ្ម៕ អត្ថបទដោយ៖ សាល សក្កណា  

ក្រុមហ៊ុន Kia នាំយករថយន្តអគ្គិសនីថ្មីរបស់ខ្លួនត្រៀមដាក់លក់នៅលើទីផ្សារឆាប់ៗនេះ

  • News, New Car

Kia EV6 គឺជាប្រភេទ Crossover ដ៏គួរអោយទាក់ទាញដែលមានតម្លៃសមរម្យ ហើយអ្វីដែលពិសេសជាងនេះទៅទៀត វាមានការរចនាម៉ូដដ៏ទាន់សម័យផងដែរ។ ថ្មីៗនេះក្រុមហ៊ុន Kia មានផែនការធំសម្រាប់អនាគតដ៏មានថាមពលរបស់ខ្លួន ដែលរួមមានការដាក់បង្ហាញម៉ូដែលមួយចំនួនក្នុងពេលប៉ុន្មានឆ្នាំខាងមុខ។ ការប្រកាសដ៏គួរឱ្យចាប់អារម្មណ៌បំផុតគឺទាក់ទងនិងម៉ូដែលថ្មី  EV9 ដែលជារថយន្តអគ្គិសនីដ៏លេចធ្លោរបស់ម៉ាកយីហោនេះដោយគ្រោងនិងបង្ហាញខ្លួននៅឆ្នាំ ២០២៣ ជាប្រភេទ SUV ខ្នាតធំនឹងក្លាយជារថយន្តដំបូងគេក្នុងចំណោមរថយន្តអគ្គិសនីជាច្រើននឹងចេញលក់នៅចន្លោះឆ្នាំក្រោយនេះ។ ម៉ូដែល EV9 នេះមានសមត្ថផ្តល់ចម្ងាយបានប្រហែល ៥៣៩ គីឡូម៉ែត្រក្នុងអំលុងពេលសាកថ្មពេញ។ ដែលវាក៏មានបំពាក់នូវយ៉ាន់កង់ស្ព័រទំហំ ២២ អ៊ីង កាមេរ៉ាជំនួសកញ្ចក់ទ្វារធម្មតា និងកំណែនៃការរចនាប៉ាណាថ្មីដែលមានឈ្មោះថា Digital Tiger Face។ ចំពោះផ្នែកខាងក្នុងមានកៅអីបីជួរ ដំបូលកញ្ចក់បែប Panoramic កុងសូលកណ្តាលដ៏ទាក់ទាញ និងអេក្រង់បង្ហាញព័ត៌មានកម្សាន្តកណ្តាលទំហំ ២៧ អ៊ីញ។ រីឯលក្ខណៈពិសេសមួយទៀតរបស់ម៉ូដែលនេះគឺកៅអីខាងក្នុងកាប៊ីនដែរអាចធ្វើការបតបែនបានតាមកាលៈទេសៈដោយហៅថា របៀបសកម្ម គឺសម្រាប់នៅពេលអ្នកកំពុងបើកបរធម្មតា ប៉ុន្តែនៅពេលដែលចតរថយន្តវាក៏ប្តូរទៅជា Pause mode ដោយ ជួរទីមួយ និងទីបីបែរមកទល់មុខគ្នា ឯជួរទីពីរបត់ចុះក្រោមអាចធ្វើជាតុបាន។ គួរបញ្ជាក់ផងដែរថាក្រៅពីរថយន្ត EV9 ក្រុមហ៊ុនក៏មានគោលបំណងបញ្ចេញរថយន្តប្រើថាមពលអគ្គិសនីចំនួនពីរម៉ូដែលក្នុងមួយឆ្នាំចាប់ពីឆ្នាំ ២០២៣ តទៅ ដើម្បីមានរថយន្ត EV លក់បាន ១៤ ម៉ូដែលត្រឹមឆ្នាំ ២០២៧ ។ ក្រុមហ៊ុនក៏បានបន្ថែមថាម៉ូដែលទាំងនេះនឹងជួយក្នុងការពង្រឹងជំហររបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនពិភពលោក។ ហើយការផលិតរថយន្តនេះមានគោលបំណងបង្កើនចំណែកទីផ្សាររបស់ខ្លួននៅក្នុងផ្នែកអគ្គិសនី ដោយចាប់ផ្តើមជាមួយនឹងការលក់ ១៦០,០០០ គ្រឿង នៅឆ្នាំនេះ ក្រុមហ៊ុនក៏មានគោលបំណងបង្កើនចំនួនលក់អោយបាន ៨០៧,០០០ គ្រឿងនៅឆ្នាំ ២០២៦ រហូតដល់ ១.២ លានគ្រឿងនៅឆ្នាំ ២០៣០៕  អត្ថបទដោយ៖ ស្រីនុត   

Copy link Success.

×

ព័ត៌មានពេញនិយម

ស្លាក

ទាញយកកម្មវិធីដោយឥតគិតថ្លៃ